ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពឆក់មិនបានសម្រេច ត្រូវគេដេញវាយភ័យស្លន់ស្លោរត់ចោលម៉ូតូបាត់ស្រមោល

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីជនសង្ស័យ ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីម្នាក់ តែមិនបានសម្រេច ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ និងប្ដីរួមជាមួយបងថ្លៃ ជិះកង់បីពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ស្វាយរៀង 1O-7796 ធ្វើដំណើរចេញពីម្ដុំវត្តស្លែងផ្លូវជាតិលេខ៣ បំណងត្រឡប់ទៅផ្ទះនៅទួលសង្កែ ដោយប្ដីរបស់គាត់ជាបើកកង់បី លុះមកដល់ចំណុចកើតហេតុ មានបងប្អូនខលមកគាត់ក៏ដកទូរស័ព្ទមកនិយាយ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាក zoomer- x ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CB-4559 មកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទដែលកំពុងនិយាយតែម្ដង ភ្លាមៗគាត់ក៏ទាញទូរស័ព្ទមកវិញ ដោយឃើញសភាពមិនស្រួល ប្ដីរបស់គាត់ក៏កាច់ចង្កូតកង់បី ប៉ះចង្កូតម៉ូតូជនសង្ស័យ បណ្ដាលឲ្យដួល រួចនាំគ្នាដេញវាយ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់ចោលម៉ូតូបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចយកម៉ូតូជនសង្ស័យ ទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់