ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតបុ័ងតោកាប់យកទ្រព្យសម្បត្តិ

ភ្នំពេញ: កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច មានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តអំពើហិង្សា ប្រើកាំបិតបុ័ងតោកាប់យកទ្រព្យសម្បត្តិ ទីតាំងកន្លែងកើតហេតុ ផ្ទះលេខ៥៦០ ផ្លូវជាតិលេខ២ ក្រុម១១ ភូមិព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អន ម៉ាលីស ភេទស្រី អាយុ ២៨ ឆ្នាំ កំពុងដេកនៅលើគ្រែពូក ជាមួយកូនប្រុសនៅក្នុងផ្ទះលេខ៥៦០ ផ្លូវជាតិលេខ២ ក្រុម១១ ភូមិព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដោយពុំបានចាក់សោទ្វារ នៅក្នុងពេលនោះស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ នី សម្បត្តិ ហៅ ញ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ប្រដាប់ដោយកាំបិតបុ័ងតោចំនួន០២ដើម (តូច០១ធំ០១) បានដើរចូលទៅក្នុងផ្ទះជនរងគ្រោះ ដើម្បីលួចយកទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះបានឃើញទាន់ស្រែកឆោឡោឡើង ជនសង្ស័យក៏បានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសដាច់រលាត់ស្បែកម្រាមជើងខាងឆ្វេង០១កន្លែង ។ ខណ:នោះមានប្រជាពលរដ្ឋ នៅជិតខាងផ្ទះរបស់ជនរងគ្រោះ និងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ នី សម្បត្តិ ហៅ ញ៉ា យកមកសាកសួរនៅទីស្នាក់ប៉ុស្តិ៍នគរបាល ហើយជនរងគ្រោះឈ្មោះ អន ម៉ាលីស បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យឈ្មោះ នី សម្បត្តិ ហៅ ញ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ អន ម៉ាលីស ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះក្នុងផ្ទះលេខ ៥៦០ ផ្លូវជាតិលេខ ២ ក្រុម ១១ ភូមិ ព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ ។

វត្ថុតាងចាប់យក៖ កាំបិតបុ័ងតោចំនួន០២ដើម (តូច០១ធំ០១) ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ នី សម្បត្តិ ហៅ ញ៉ា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់