ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តកាមរីប៉ាឡែនមួយគ្រឿង បានបើកបរដោយជនជាតិចិន ក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់ចំនួន៣កង់ រីឯរថយន្តបង្ក បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃទេ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្បែគល់ស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហព័ទ្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត បានបើករថយន្តមួយគ្រឿង ម៉ាក កាមរីប៉ាឡែន ពណ៌ទឹកស ពាក់ស្លាកលេខភ្នំពេញ 2A-8239 បើកបរដោយជនជាតិចិន បានចុះពីលើស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហព័ទ្ធរុស្សីទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន ក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ភ្លាមនោះគេឃើញបុរស ដែលជាអ្នកបើករថយន្ត បានបើកទ្វារចេញមកគេច ដោយទុករថយន្តបង្កចោលនៅកន្លែងកើតហេតុ រួចប្រញាប់ប្រញាល់គេចខ្លួន ពីកន្លែងកើតហេតុបាត់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្ត ចូលខ្លួនធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនិតិវិធីផ្លូវច្បាប់៕
មតិយោបល់