បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២០និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានទម្ងន់ទោស បង្កដោយជនសង្ស័យចំនួន ១០នាក់ ត្រង់ចំណុចចំបក់ក្អែ ភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្ដបាត់ដំបង បានធ្វើទារុណកម្មទៅលើជនរងគ្រោះចំនួន ០៣នាក់ ។
ក្នុងករណីនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ ឆាន់ ឆាង ភេទប្រុស អាយុ៣៩ឆ្នាំ និង២.ឈ្មោះ ឆាន់ ឆូន ភេទប្រុស អាយុ ៣៦ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយមានឈ្មោះ ចាន់ ហឿ ហៅ យាយម៉ៅ ជាមេក្លោង ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពចាប់ជនរងគ្រោះចងនឹងខ្សែអង្រឹង រួចវាយធ្វើទារុណកម្មខណ:ជនរងគ្រោះកំពុងដើរចាប់កង្កែបនៅក្នុងចំការដំឡូង។ ជនរងគ្រោះចំនួន ០៣នាក់ ១.ឈ្មោះ សង ស៊ន ភេទប្រុស អាយុ ៤៨ឆ្នាំ ២.ឈ្មោះ ផល និត អាយុ៣៤ឆ្នាំ (របួសប៉ោងត្រង់ឆ្អឹងជំនីខាងស្ដាំ) មានទីលំនៅភូមិសាច់ហាប់ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និង៣.ឈ្មោះ វ៉ែន ប៊ុនថា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអំពិលប្រាំដើម ឃុំអំពិលប្រាំដើម ស្រុកបវេល (របួសប៉ោងមុខ)។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើកម្លាំងនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


មតិយោបល់