ភ្នំពេញៈ នៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តកុងតឺន័រ ធ្លាក់ជង្ហុកក្រឡាប់មួយចំហៀង សង្កត់លើរថយន្តធុនធំមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតត្រង់ចំណុចគល់ស្ពានអាកាស ទំនប់កប់ស្រូវ តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ កែងនឹងផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រម៉ាក (NISSAN DIESEL) ក្បាលពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A.8639 សណ្ដោងរឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A.0705 របស់ក្រុមហ៊ុនផែស្ងួត តេងឡាយ បើកបរដោយបុរសម្នាក់ តាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ធ្លាក់ជង្ហុកបណ្តាលឲ្យក្រឡាប់មួយចំហៀង សង្កត់លើរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស មិនមានស្លាកលេខដែលខូចចតនៅចិញ្ចើមផ្លូវកំពុងជួសជុល ធ្វើឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់រងរបួសនោះទេ ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកឲ្យភាគីទាំងពីរ សម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕






មតិយោបល់