ព័ត៌មានជាតិ

កង់បីឥណ្ឌាបើកឆ្លងផ្លូវបុកជាមួយម៉ូតូ ដោះស្រាយគ្នាមិនត្រូវ ចុងក្រោយម្ចាស់កង់បីបើកគេចបាត់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូកង់បីឥណ្ឌា បើកឆ្លងផ្លូវជ្រុលទៅបុកជាមួយម៉ូតូឌ្រីមសង់ បណ្ដាលឱ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង ៣០ នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ ជិះម៉ូតូឌ្រីមសង់ឆ្នាំ2017 ពាក់ស្លាកលេខ ភ្នំពេញ 1GG-0948 បើកបរក្នុងទិសដៅពីលិចទៅកើត រហូតដល់ចំណុចកើតហេតុ មានម៉ូតូកង់បីឥណ្ឌា ពណ៌ស១គ្រឿង ពាក់ស្លាកលេខតាកែវ 1U-1706 ដែលបើកឆ្លងកាត់ទទឹងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកជាមួយគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង សំណាងមិនមានអ្នករងរបួស ។

ក្រោយពេលកើតហេតុ ដោយភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមិនត្រូវ នឹងមានការតឹងសរសៃកដាក់គ្នាផង ដោយភាគីខាងម៉ូតូកង់បីមានគ្នាច្រើន ទើបមកធ្វើការជួយសម្របសម្រួលគ្នា មិនទាន់ត្រូវផងស្រាប់តែ ម្ចាស់ម៉ូតូកង់បីឥណ្ឌា ព្យាយាមបើកគេចបាត់បន្សល់ទុក តែភាគីខាងម៉ូតូដោយមិនមានទំនួលខុសត្រូវសោះ ។

ចុងក្រោយភាគីខាងម៉ូតូ បានត្រឹមតែយកម៉ូតូទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់