សៀមរាបៈ ថវិកាមរណៈសង្គ្រោះចំនួន៤លានរៀលត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប នាំយកប្រគល់ជូនដល់គ្រួសារសពអតីតយុទ្ធជនជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
ក្រុមការងារអតីតយុទ្ធជនកម្ពុជាថ្នាក់ខេត្ត និងក្រុមការងារស្រុក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ថវិកា មរណៈសង្គ្រោះចំនួន៤លានរៀល ជូនដល់គ្រួសារសពសមាជិកអតីតយុទ្ធជនស្រុកជីក្រែងឈ្មោះ ព្រហ្ម សុភាព ភេទប្រុស រស់នៅក្នុងភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលបានទទួល មរណភាព កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធ។
ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់លោកឧត្តមសេនីយ៍ត្រី ស៊ិន ភាព ប្រធានគណៈកម្មាធិការថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិ និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ដែលបានបាត់បង់គ្រួសារជាទីស្រឡាញ់ ព្រមទាំងកោតសរសើរ ដល់វីរភាព ដ៏អង់អាចក្លាហាន ដោយបានលះបង់ នូវកម្លាំងកាយចិត្ត ការពារទឹកដីកន្លងមក៕
មតិយោបល់