ព័ត៌មានជាតិ

បុរសស្រ្តីជនជាតិចិន ២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅបុករថយន្តកូរ៉េដឹកផ្លែដូង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ មានករណីបុរសស្ត្រីជនជាតិចិន ២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុករថយន្តកូរ៉េដឹកផ្លែដូង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ខាងកើតស្ពានអាកាសចោមចៅ ស្ថិតក្នងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមការរៀបរាប់ពីតៃកុងរថយន្តដឹកផ្លែដូងបានប្រាប់ដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 2A-1393 បានដឹកផ្លែដូងចេញពីខេត្តកំពត មកចូលក្រុងភ្នំពេញ ដើម្បីយកទៅឲ្យម៉ូយនៅម្ដុំផ្សារទួលគោក ដោយធ្វើដំណើរទៅដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តរបស់គាត់បានបែកកង់ខាងក្រោយខាងស្ដាំ រួចរូបគាត់ក៏បានឈប់រថយន្ត ដើម្បីដូរកង់ ខណ:ដូរកង់រថយន្តរួចរាល់រួចហើយ រូបគាត់ក៏បានរៀបចំរថយន្តចេញ ដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-1028 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនឹងស្ត្រីជនជាតិចិនម្នាក់ទៀត ធ្វើដំណើរមកពីក្រោយបានជ្រុលចង្កូតទៅបុករថយន្តរបស់គាត់ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរ និងអ្នករួមដំណើររងរបួសស្រាល បន្ទាប់មកនាំគ្នាបើកទ្វាររថយន្តចេញរួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុរថយន្តទាំងពីរ គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុក និងរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់