បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី ត្រង់ចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានករណីហិង្សាដោយចេតនាមួយកើតឡើង បង្កដោយជនសង្ស័យចំនួន០៥នាក់ ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនដៃដល់បានចំនួន០៤នាក់៖ ១.ឈ្មោះ ស ប្រុសពៅ ភេទប្រុស អាយុ ១៧ ឆ្នាំ ២-ឈ្មោះ ស សាល ភេទប្រុស អាយុ ២៤ ឆ្នាំ ៣-ឈ្មោះ ជួប រ៉ា ភេទប្រុស អាយុ ១៥ ឆ្នាំ និង៤-ឈ្មោះ នាង សង្ហា ហៅ ង៉ា ភេទប្រុស អាយុ ២២ ឆ្នាំ អ្នកទាំង០៤នាក់ខាងលើ រស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ។
តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៥នាក់ បានធ្វើសកម្មភាពយកដែកជ្រុង និងកាំបិតខ្វែវ ស្ទាក់វាយនិងកាប់ទៅលើជនរងគ្រោះចំនួន០៣នាក់ បណ្តាលអោយរងរបួស ១-ឈ្មោះ ឈឿម ណុច ភេទប្រុស អាយុ ១៧ ឆ្នាំ របួសចន្លោះម្រាមដៃ ២-ឈ្មោះ ម៉ៅ ចាន់ណា ភេទប្រុស អាយុ ២៨ ឆ្នាំ របួសខ្នង និងឆ្អឹងជំនីរស្តាំ និង៣-ឈ្មោះ លន់ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ របួសកំភួនដៃឆ្វេង អ្នកទាំង៣នាក់ រស់នៅភូមិត្រពាំងដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានកសាងសំណុំរឿងជនសង្ស័យទាំង៤នាក់ ទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់