ព័ត៌មានជាតិ

ជនសង័្សយម្នាក់ប្រើដំបងឫស្សី គំរាមប្លន់យកទូរស័ព្ទដៃពីជនរងគ្រោះ ត្រូវសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួន

បាត់ដំបងៈ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេ លារំលងអធ្រាត្រឈានចូលដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ កាយ គីមព័រ (ហៅ ទី) ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង០០និង៤០នាទីឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយខាងលើ បានធ្វើសកម្មភាពដោយប្រើដំបងឫស្សីគំរាមលើជនរងគ្រោះឈ្មោះ កប ស៊ុន ណារី ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយប្លន់យកទូរស័ព្ទដៃមួយគ្រឿងម៉ាក oppo ពណ៌ទឹកប៊ិច ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយ តាមរយៈពាក្យបណ្តឹងនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ និងដកហូតបាន៖-ទូរស័ព្ទដៃម៉ាក oppo ជារបស់ជនរងគ្រោះ និងម៉ូតូចំនួន០១គ្រឿង ដែលជាមធ្យោបាយជិះធ្វើសកម្មភាពរួមទាំងដំបងឫស្សីមួយ ។

ករណីខាងលើនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធីច្បាប់ រីឯទូរស័ព្ទដៃបានប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់