ភ្នំពេញៈ កាលពីវេលាម៉ោង០១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ និងនារីម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុក រថយន្តកូរេដឹកមាន់ពេញទំហឹង ទីតាំងស្ថិតត្រង់ចំណុចស្តុបណត់ប្រ៊ីត តាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តកូរេដឹកមាន់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-3212 មានបុរសជាព្រូ៣នាក់រួមដំណើរបើកបរដឹកមាន់ចេញពីខេត្ត បំណងយកទៅដាក់ឲ្យម៉ូយនៅភ្នំពេញ បានធ្វើដំណើរតាម បណ្ដោយផ្លូវ២០០៤ ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុរថយន្តបានបើកឆ្លងកាត់ស្តុប ។ ស្របពេលនោះមានម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FB-6972 បើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរពីក្រោយ តាមបណ្ដោយផ្លូវណត់ប្រ៊ីតក្នុងល្បឿនលឿន ជ្រុលបុករថយន្តពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ ទាំងពីរនាក់រងរបួសធ្ងន់ ។ ភ្លាមៗនោះរថយន្តបានបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានពលរដ្ឋឃើញហេតុការណ៍ ជួយស្ទាក់ចាប់បាន ។
ដោយឡែកជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តរបស់គ្លីនិកឯកដឹកយកទៅសង្គ្រោះ ជាអកុសលបុរសជាអ្នកបើកបរម៉ូតូ បានដាច់ខ្យល់ស្លាប់ ពេលដឹកបញ្ជូនទៅសង្គ្រោះ ។
នៅក្រោយពេលកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ សាកសពជនរងគ្រោះបានប្រគល់ទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់