ភ្នំពេញៈ នាវេលាម៉ោង ១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកមាន់ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ២នាក់ ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យម្នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ម្ដុំស្ដុបណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តកូរ៉េដឹកមាន់មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3212 និងមានបុរសជាព្រូ ៣នាក់ទៀត រួមដំណើរជាមួយដែលទើបតែបើកដឹកមាន់ចេញពីខេត្តកំពង់ស្ពឺ បំណងយកទៅដាក់ឲ្យម៉ូយនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចស្តុបកើតហេតុ រថយន្តនោះក៏បានបើកឆ្លងកាត់ស្តុបស្របពេលនោះដែល ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-6972 ដែលបើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរពីក្រោយ តាមបណ្ដោយផ្លូវណតប្រ៊ីតទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តពេញទំហឹង បណ្តាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងអ្នកបើកបរម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ធ្ងរ ចំណែកឯរថយន្តបានរងការខូចខាតវៀចកាងចំហៀងខាងឆ្វេង ហើយភ្លាមៗនោះរថយន្តក៏បានបន្ថែមល្បឿន បើកគេចចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជួយជិះដេញតាម និងស្ទាក់ចាប់បាននៅក្បែរវិទ្យាល័យជាស៊ីមសាមគ្គីតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តរបស់គ្លីនិកឯកជនសម្ភពសែនជ័យ ដឹកយកទៅសង្គ្រោះភ្លាមៗ ប៉ុន្តែជាអកុសលបុរសរងគ្រោះជាអ្នកបើកបរម៉ូតូ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែលកំពុងដឹកបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ផងដែរ។
ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវនីតិវិធី ចំណែកសពជនរងគ្រោះ ដោយមិនអាចទាក់ទងស្វែងរកសាច់ញាតិបាន ទើបសមត្ថកិច្ចជំនាញប្រគល់ឲ្យ រថយន្តដឹកសពធ្វើការដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់