ព័ត៌មានជាតិ

រថយន្តម៉ាកព្រូសមួយគ្រឿង បើកបុកបង្គោលភ្លើងនិងរបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង៣និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BD-6502 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់ បានរេចង្កូតជ្រុលបុកបង្គោលភ្លើង និងរបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ
ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះ បានរេចង្កូត ជ្រុលល្បឿនបុកបង្គោលភ្លើង និងរបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ដួលនិងខ្ទាតរប៉ាត់រប៉ាយ រងការខូចខាត ។

នៅក្រោយពេលកើតហេតុ វត្តមានមន្រ្តីនគរបាលជំនាញចរាចរណ៍ផ្លូវគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងកន្លែងកើត ហេតុ ។ បន្ទាប់មកបានយករថយន្តបង្កហេតុនេះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមនីតិ វិធីផ្លូវច្បាប់ ។

ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរចរណ៍ខាងលើនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងពីមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះឲ្យពិតប្រាកដនូវឡើយ ព្រោះមិនទាន់មានប្រភពណាបានបញ្ជាក់ប្រាប់ឲ្យដឹង ។ សូមបញ្ជាក់ថា ករណីនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់