ព័ត៌មានជាតិ

អ៊ុយក្រែនថា រុស្ស៉ីបាញ់មីស៊ីលចូលរដ្ឋធានីកៀវ ចំពេលប្រមុខ UN បំពេញទស្សនកិច្ច

(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអះអាងថារុស្ស៉ីបានបាញ់មីស៊ីល ២គ្រាប់ចូលរដ្ឋធានីកៀវ កំលុងដំណើរទស្សនកិច្ច របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) ខណៈទីក្រុងមូស្គូកំពុងបង្កើនការការវាយលុកលើ តំបន់ដុនបាស់។

បើតាមក្រុមមន្ត្រីអ៊ុយក្រែន មីស៊ីលទាំង២គ្រាប់ខាងលើបានធ្លាក់ចំតំបន់ សេវឈិនកូ (Shevchenko) ក្នុងរដ្ឋធានីកៀវ ហើយក្នុងចំណោមមីស៊ីល ទាំង២គ្រាប់នេះទៀតសោត មានមួយគ្រាប់ធ្លាក់ចំអគារស្នាក់នៅមួយមានកម្ពស់ ២៥ជាន់ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ១០នាក់រងរបួស។
ប៉ុន្តែមូលហេតុការផ្ទុះនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នោះទេ រីឯរុស្ស៉ីក៏មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីដែរ។

ការចោទប្រកាន់របស់អ៊ុយក្រែនថារុស្ស៉ីបាញ់មីស៊ីលចូលរដ្ឋធានីកៀវ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រមុខ UN លោក ហ្គូធឺរែស បានបញ្ចប់កិច្ចសន្ទនាជាមួយលោក ហ្សេលេនស្គី ជាមួយការបង្ហាញពីការព្រួយបារម្ភថារដ្ឋធានីអ៊ុយក្រែន នៅតែបន្តងាយរងគ្រោះដោយសារ ការវាយប្រហារដោយអាវុធធុនធ្ងន់ពីសំណាក់កងទ័ពរុស្ស៉ី៕

ប្រភព៖​​​​​​ Reuters

មតិយោបល់