ព័ត៌មានជាតិ

រថយន្តសណ្ដោងរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័រ បើកកៀររថយន្តកាមារីបាឡែន បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តធុនធំសណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័រ ១គ្រឿង បានបើកជ្រុលទៅកៀររថយន្តម៉ាកកាមារីបាឡែន ដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នារួចបត់ស្ដាំទាំងអស់គ្នា បណ្ដាលឲ្យរថយន្តកាមារីបាឡែននោះ រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ ប៉ុន្តែជាសំណាងផងដែរ ពុំមានមនុស្សណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចស្ពានអាកាសចោមចៅ មុខច្រកចូលសាលារៀនសុវណ្ណភូមិ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តទាំង ២គ្រឿងបើកបរធ្វើដំណើរស្របទិសគ្នានិងទន្ទឹមគ្នាតែម្ដង ក្នុងទិសដីពីលិចទៅកើត ដោយរថយន្តម៉ាកកាមរីបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AO-9707 បើកបរនៅខាងស្ដាំ ចំណែកឯរថយន្តធុនធំសំណ្ដោងកន្ទុយរ៉ឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 3A-0990 បើកបរខាងឆ្វេង ប៉ុន្តែអូសតែកន្ទុយរ៉ឺម៉កទទេប៉ុណ្ណោះ អត់មានដឹកទូកុងតឺន័រពីលើនោះឡើយ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានបត់ស្ដាំក្នុងបំណងចូលទៅតាមផ្លូវសាលារៀនសុវណ្ណភូមិនោះទាំងអស់គ្នា ហើយខណ:នោះពុំដឹងថា អ្នកបើកបររថយន្តធំមើលរថយន្តកាមារីបាឡែនអត់ឃើញឬបែបណាទេ ។ស្រាប់តែបត់ជ្រុលទៅកៀររថយន្តកាមារីបាឡែននោះទាំងកម្រោល បណ្ដាលឲ្យគាបជាប់គ្នា ហើយរថយន្តកាមរីបាឡែនបានរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះធ្វើការសម្រួលមិនឲ្យកកស្ទះចរាចរណ៍តាមដងផ្លូវនោះ រួចឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង៕

មតិយោបល់