ព័ត៌មានជាតិ

ជនសង្ស័យប្លន់សម្លាប់ នៅស្វាយលើ ត្រូវសមត្ថកិច្ច តាមចាប់ខ្លួនបានហើយ

សៀមរាបៈ ជនសង្ស័យ ដែលប្លន់សម្លាប់បុរសម្នាក់ យកម៉ូតូនៅស្វាយលើ កាលពីថ្ងៃទី២៧ខែ កក្កដា ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន បានហើយ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដោយកម្លាំងនគរបាល ចំណុះឲ្យស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង។

សូមរំលឹកថា បុរសម្នាក់ឈ្មោះ អៀម រ៉ាមី អាយុ២៧ឆ្នាំ មានមុខរបររត់ម៉ូតូឌុប រស់នៅភូមិគោល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប និងមានប្រពន្ធឈ្មោះ មាំ សុផុន អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយប្តី ត្រូវបានជនមិនស្គាល់មុខចាក់សម្លាប់យកម៉ូតូ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ហើយយកសាកសព ទៅទំលាក់ចោលនៅវាលស្រែ ស្ថិតនៅខាងលិចភូមិឆេះចាន ឃុំ-ស្រុកស្វាលើ ខេត្តសៀមរាប។

ប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ច នគរបាល ថាប្ដីរបស់គាត់ បានប្រកបមុខរបររត់ម៉ូតូឌុប នៅខេត្តសៀមរាប ហើយបានបាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែឆ្នាំ ដដែលទើបទទួលបានដំណឹងថា ប្តីត្រូវបានជនមិនស្គាល់មុខ ចាក់សម្លាប់យកម៉ូតូ។ ប្រពន្ធ បានបន្តថា ម៉ូតូដែលប្តីគាត់ជិះសម្រាប់រត់ឌុបចិញ្ចឹម ជីវិត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតនៅឆ្នាំ២០១២ បិទតែម២០១៥ ពាក់ស្លាកលេខសៀមរាប 1N:2911។ ក្រោយពីមានហេតុការណ៍នេះ កើតឡើងកម្លាំងនគរបាល ពាក់ព័ន្ធ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព ហើយបានសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្ម។

លោកវរសេនីយ៍ទោ ដួង សុខា ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ករណីនេះលោក បានស្នើ សុំគោលការ និងការអនុញ្ញាតិពី លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាល ខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ភឹង ចិន្ដារ៉េត ស្នងការរង ជាប្រធានការិយាល័យកណ្ដាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងសុំកិច្ចសហការពីកម្លាំងនគរបាលជំនាញ នៅតាមបណ្ដាលខេត្តផ្សេងៗ ដើម្បីធ្វើការស្រាវជ្រាវ។ លុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលចំណុះឲ្យ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមើលទៅគួរឲ្យសង្ស័យថា បានប្រព្រឹត្តបទល្មើសអ្វីមួយ ហើយកម្លាំងនគរបាលខេត្ត បាននាំជនសង្ស័យមកធ្វើការសាកសួរ។ នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេធ្លាប់បានធ្វើសកម្មភាព ចាក់សម្លាប់ជនរងគ្រោះម្នាក់ យកម៉ូតូនៅក្នុងស្រុកស្វាយលើ កាលពីខែកក្កដា ឆ្នាំ២០១៦។

សមត្ថកិច្ចនគរបាលខេត្ត បានបន្តថា ជនសង្ស័យមានឈ្មោះ សាក់ បូរី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ម៉ូតូដែលសមត្ថកិច្ចនគរបាលឃាត់បាន ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1N:2911 មានលេខតួលេខម៉ាស៊ីន៨៦៦២៩៦៨ ផលិតនៅឆ្នាំ២០១៣។ ក្រោយពីបានធ្វើការសាកសួររួចហើយ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការរាយការណ៍ ជូនកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយបានផ្ញើរូបភាព ជនសង្ស័យ និងវត្ថុតាងមកជាមួយ។

ក្រោយពីបានទទួលសេចក្តីរាយការណ៍ របស់កម្លាំងនគរបាល ខេត្តព្រៃវែងរួចមក លោកវរសេនីយ៍ទោ ដួង សុខា ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានរាយការណ៍ជូន លោកឧត្តមសេនីយ៍ស្នងការ និងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ ស្នើសុំគោលការណ៍ និងចាត់កម្លាំងនគរបាល នៅក្រោមឱវាទ ចុះទៅដល់ស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង ធ្វើកិច្ចសហការ ជាមួយកម្លាំងនគរបាល ជំនាញខេត្ត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដើម្បីនាំខ្លួន ជនសង្ស័យមកធ្វើការ សាកសួរបន្ថែម នៅស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ក្នុងការរៀបចំកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តសៀម រាបចាត់ការបន្តទៅតាមផ្លូវច្បាប់៕

FB_IMG_1471842495140FB_IMG_1471842501224 FB_IMG_1471842505940

មតិយោបល់