កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំឆ្នាំ២០២២ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ និងគំរាមកំហែងថានិងសម្លាប់ នៅចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ជា យឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាឪពុកបង្កើត) ។ ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ យឿន បារាំង ហៅប្រុស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាកូនបង្កើត) ។
វត្ថុតាងចាប់យក៖ ១.ដាវចំនួន០១មានប្រវែង៧៩ស.មផ្លែដែកដងដែក។ ២.កូនកាំបិតចំនួន០១។
នៅថ្ងៃកើតហេតុឈ្មោះ បារាំង ហៅបានផឹកស្រាបៀរជាមួយឈ្មោះ ស្វិត សាវ៉េត ត្រូវជាបងថ្លៃរួចក៏បានឈ្លោះប្រកែកគ្នា ខណៈពេលនោះឈ្មោះ យឿន បារាំង ក៏បានស្ទុះចូលទៅក្នុងផ្ទះយកដាវរកមកកាប់ឈ្មោះ ស្វិត សាវ៉េត ត្រូវជាបងថ្លៃឃើញដូច្នេះឈ្មោះ ជា យឿន ក៏បានចូលមកឃាត់ និងបានយកដាវ ពីឈ្មោះ យឿន បារាំង យកទៅទុករួចហើយឈ្មោះ យឿន បារាំង បានចូលទៅក្នុងផ្ទះម្ដងទៀត បានយកកូនកាំបិតមករកចាក់ឈ្មោះ ស្វិត សាវ៉េត ទៀតតែត្រូវឈ្មោះ ជា យឿន ចូលទៅឃាត់តែត្រូវបានឈ្មោះ យឿន បារាំង បានកូនកាំបិតចាក់ទៅលើឈ្មោះ ជា យឿន ត្រូវចំកំពួនដៃខាងឆ្វេង បណ្ដាលឱ្យរងរបួសចេញឈាម រួចក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួស នៅឯមន្ទីរពេទ្យបាត់ទៅ ។
លុះនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទីឈ្មោះ ជា យឿន បានត្រឡប់ចេញពីមន្ទីរពេទ្យវិញមកដល់ផ្ទះ ស្រាប់តែឈ្មោះ យឿន បារាំង បានយកដាវមកគំរាមកំហែងកាប់ឈ្មោះ ជា យឿន ថែមទៀតដោយទ្រាំនឹងទង្វើរបស់ឈ្មោះ យឿន បារាំង មិនបានឈ្មោះ ជា យឿន ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនឈ្មោះ យឿន បារាំង មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
មតិយោបល់