ភ្នំពេញៈ បុរសម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលចោមចៅ ឲ្យជួយស្វែងរកម៉ូតូរបស់ខ្លួនវិញ បន្ទាប់ពីត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ រួមនឹងបក្សពួកមួយក្រុមបបួលផឹកស្រាជាមួយ នៅម្ដុំផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច និងបានរៀបរាប់ថា ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ រួមនឹងបក្សពួកបបួលផឹកស្រាជាមួយ នៅម្ដុំផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ច្រាំង ចម្រេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបានផឹកអស់ស្រាកន្លះលីត្រ បន្ទាប់មកជននោះ បានទះស្មាខ្លួន១ដៃ និងបានបញ្ជាឲ្យខ្លួនយកម៉ូតូជិះថែមទៀត។ ដោយសារជននោះទះស្មា ជនរងគ្រោះក៏មានអារម្មណ៍ថា ត្រូវថ្នាំ ហើយខណៈនោះខ្លួនបានវង្វេងលែងដឹងអី ក៏បានទៅយកម៉ូតូឲ្យជននោះជិះ បន្ទាប់មកជននោះបានឌុបខ្លួនពង្វាងផ្លូវបង្វែងដានត្រឡប់ចុះត្រឡប់ឡើង ពេញរាជធានីភ្នំពេញ តាំងពីព្រលប់ ថ្ងៃទី១៧ ខែធ្នូ រហូតដល់ជិតភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ និងបាននិយាយបញ្ចុះបញ្ចូលពង្វក់រហូតភ្លេចភ្លាំងស្មារតីអស់ ទើបក្រុមជនសង្ស័យខាងលើ បានដឹកខ្លួនទៅកាន់ផ្ទះជួលមួយកន្លែង នៅម្ដុំភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបទម្លាក់ខ្លួនចុះ និងបានលួចយកម៉ូតូជិះគេចខ្លួនបាត់តែម្ដង។
សមត្ថកិច្ចបន្តថា ក្រោយពីជននោះយកម៉ូតូទៅបាត់ ទើបរូបជនរងគ្រោះភ្ញាក់ខ្លួន ហើយមានអាការៈទន់ដៃទន់ជើង និងត្រូវបានក្រុមគ្រួសារនាំទៅកាន់គ្លីនិកឯកជនមួយ និងបានដាក់សេរ៉ូមអស់ចំនួន២ប្លោកទើបស្វាង ហើយរហូតដល់វេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ក៏បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចាមចៅដើម្បី ដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍។
សមត្ថកិច្ចបញ្ជាក់ថា បុរសរងគ្រោះខាងលើមានឈ្មោះ ឌួង នា អាយុ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅក្នុង ភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្នាក់នៅផ្ទះលេខ៥០៩ ភូមិ១ សង្កាត់ច្រាំងចម្រះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកម៉ូតូដែលត្រូវបាត់បង់នោះម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FX-3968 ដោយឡែកជនសង្ស័យមានគ្នា២ទៅ៣នាក់ជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព៕
មតិយោបល់