ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ប៉ើងទៅបុកកង់បីមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ រថយន្តស៊េរីទំនើបមួយគ្រឿង បើកក្នុងល្បឿនលឿន ឆ្លងស្តុបមិនប្រយ័ត្ន ជ្រុលបុករថយន្ត BMW បើកឆ្លងផ្លូវពេញទំហឹង ប៉ើងទៅបុកកង់បីមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក BMW ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AO-1944 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុស្តុប បេការសេមិនបង្អង់ ស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើប មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-9400 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ដល់ស្តុបមិនបង្អង់ ក៏ជ្រុលទៅបុករថយន្ត BMW ចំពាក់កណ្តាលទ្វារខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត BMW ប៉ើងទៅបុកកង់បីមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ 1HZ-6307 កំពុងតែឈប់ស្តុប និងបានរងរបួសមនុស្សចំនួន២នាក់ធ្ងន់ នៅក្នុងកង់បីត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗ ។

នៅក្រោយពេលកើតហេតុ ភាគីម្ចាស់រថយន្ត BMW បានសងសំណងទៅកង់បីបញ្ចប់រឿង ។ ចំណែករថយន្តស៊េរីទំនើប មួយគ្រឿងទៀត ដោះស្រាយមិនត្រូវគ្នា ត្រូវសមត្ថកិច្ចវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់