ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្តលឿនជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ដួលរលំសង្កត់លើម៉ូតូកង់បី ក្រឡាប់ផ្ងារជើង រងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្ត ក្នុងស្ថានភាពស្រវឹងស្រា ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ដួលរលំសង្កត់លើម៉ូតូកង់បី រីឯរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក ហ្វត់រ៉ែនជ័រ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ012-1462 ដែលបើកបរតាមបណ្ដោយផ្លូវព្រះសីហនុពីកើតទៅលិច និងឆ្ពោះទៅផ្លូវ២១៥ ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានរេចង្កូតទៅខាងស្ដាំ រួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ចំណែកឯបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បានបាក់ដួលរលំសង្កត់ទៅលើម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យម៉ូតូរ៉ឺម៉កកង់បីវៀចដំបូលរងការខូចខាត តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្ក និងម៉ូតូរ៉ឺម៉កកង់បី យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី៕

មតិយោបល់