ព័ត៌មានជាតិ

កម្លាំងការិយាល័យការជួញដូរមនុស្ស កងរាជអាវុធហត្ថ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពីបទរំលោភលើក្មេងស្រី

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ ដោយជាប់ចោទពីបទរំលោភសេពសន្ថវៈ នៅផ្ទះសំណាក់យីហោថ្មពេជ្រ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ០២និង២០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា៖ ការបង្ក្រាបករណីរំលោភសេពសន្ថវ:នេះធ្វើឡើង ក្រោយពីទទួលបានពាក្យបណ្តឹងឈ្មោះ អួន សឿត ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្ដាយរបស់ក្មេងស្រីរងគ្រោះ បានប្ដឹងចោទប្រកាន់លើឈ្មោះ លីស វិច័ន្ទត្រា ហៅ ត្រា ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា៖ ជនសង្ស័យឈ្មោះ លីស វិច័ន្ទត្រា ហៅ ត្រា រូបនេះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួន នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។ ក្រោយពីឃាត់ខ្លួននិងសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់បង្ខំ និងរំលោភសេពសន្ថវ:លើនារីឈ្មោះ យ.ស.យ អាយុ ១៦ឆ្នាំ នៅផ្ទះសំណាក់យីហោថ្មពេជ្រ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រហូតបានសម្រេចពិតប្រាកដមែន ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធីហើយដែរ៕

មតិយោបល់