ភ្នំពេញៈ កាលពីវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មានករណីរថយន្ដ Landcruiser ស៊េរីទំនើបមួយគ្រឿង បើកបរនិងរួមដំណើរដោយនារី២នាក់ ក្នុងស្ថានភាពស្រវឹង បើកលឿនជ្រុលបុករះចូលកន្លែងលក់បាយឆាមីឆា និងបុកកន្លែងលក់បន្លែតាមចិញ្ចើមផ្លូវ បណ្តាលអោយក្មេងម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតនៅតាមផ្លូវ២១៧ កែងមហាវិថីម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុម៉ាកតូយ៉ូតា LANDCRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-6686 បើកបរនិងរួមដំណើរដោយនារី២នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ ធ្វើដំណើរមកពីស្តុបអាងទឹក រថយន្ដក៏បួងចង្កូតបត់ស្តាំ មិនបន្ថយល្បឿន បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកដើមឈើមួយដើម បណ្តាលបាក់រលើង បន្តបុករទេះស្រុះគុយទាវ រទេះចង្ក្រានបាយឆាមីឆា និងធុងទឹកកកក្លាសេសាច់បន្លែ តុកៅអី បណ្តាលបាក់បែករងការខូចខាតស្ទើរទាំងស្រុង បណ្តាលឲ្យក្មេងម្នាក់អាយុ៥ឆ្នាំ ត្រូវទឹកស៊ុបខ្ទាតកំពប់លើរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ។ បន្ទាប់ពីកើតហេតុ នារីជាអ្នកបើករថយន្តបង្កហេតុ បានចុះពីរថយន្ដ និងបានធានារ៉ាប់រងសង ការខូចខាតទាំងអស់ ។
នៅក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានដោះស្រាយជាមួយជនរងគ្រោះមួយជំហានសិន ។ ចំណែករថយន្តសមត្ថកិច្ច វាស់វែងយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕
មតិយោបល់