ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តតូយ៉ូតាព្រូស មួយគ្រឿង បើកបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តហ្វត មួយគ្រឿង កំពុងឈប់ស្តុប ហើយបានបើកគេចចេញពីកន្លែងកើតហេតុ ទីតាំងស្ថិតត្រង់ចំណុចស្តុបខាងត្បូងមន្ទីរពេទ្យព្រះកុសមៈ តាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្ត មួយគ្រឿងម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BR-3159 បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុរថយន្តបានឈប់ស្តុប ។ ពេលនោះស្រាប់តែមានរថយន្ត មួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AZ-1059 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាជោក បើកស្របទិសដៅគ្នាតាមពីក្រោយរថយន្តហ្វតក្នុងល្បឿនលឿន រួចបានជ្រុលទៅបុកពីក្រោយរថយន្តហ្វតពេញទំហឹង បណ្តាលឲ្យរងការខូចខាត ចំណែករថយន្តតូយ៉ូតាព្រូស បានព្យាយាមបើកគេចខ្លួនចេញពីកន្លែងកើតហេតុ ពេលនោះសមត្ថកិច្ចមូលដ្ឋានឃើញហេតុការណ៍ ដេញតាមស្ទាក់ចាប់បាននៅត្រង់ចំណុចស្តុប ត្រឡោកបែកតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
នៅក្រោយពេលកើតហេតុភាគីទាំងពីរ បានចរចាដោះស្រាយគ្នា ហើយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្តតូយ៉ូតាព្រូស បានចេញសំណងឲ្យភាគីខាងរថយន្តហ្វត ដើម្បីបញ្ចប់រឿង ៕
មតិយោបល់