(ភ្នំពេញ)៖ ក្រៅពីមានអាជីពជាតារាចម្រៀងដ៏ល្បី និងមានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនហើយ តារាចម្រៀងប្រុស លោក ខាន់ ជេមស៍ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ទៅលើសកម្មភាពឯកជន នៅក្នុងក្រុមគ្រួសារ បន្ទាប់ពីបានឃើញរូបលោក តែងតែបញ្ចេញពីភាពផ្អែមល្ហែមជាញឹកញាប់នៅលើបណ្ដាញសង្គម។ ដោយឡែក ថ្មីៗនេះ លោក ខាន់ ជេមស៍ ស្រាប់តែចេញមកបង្ហោះសារយ៉ាងវែងមួយ ព្រមទាំងមានរូបភាពខ្លួននិងភរិយាបណ្ដូលចិត្ត ក៏ដូចជាកូនៗ ដើម្បីអបអរខួបរៀបការរបស់អ្នកទាំងពីរ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល ២២ ឆ្នាំ ទៅហើយ។
ក្នុងនោះដែរ តារាប្រុសរូបនេះ បានរៀបរាប់ថា«ចំណងស្នេហ៍អមតៈថ្ងៃទី ១៦/០៥/២០២២ គម្រប់ខួបចំណងស្នេហ៍២២ឆ្នាំ របស់ពួកយើងទាំងពីរនាក់។ អរគុណអូនគ្រប់យ៉ាង ដែលអូនផ្ដល់ឱ្យបង ជឿជាក់បង និងកាន់ដៃបងរយៈពេល២២ឆ្នាំ រហូតបង្កើតបានចំណងស្នេហ៍អមតៈ កូន៤នាក់ ស្រី២ប្រុស២ ជាមួយគ្នា។ ថ្ងៃនេះបងចង់ឱ្យមនុស្សគ្រប់រូប ដឹងថា ទោះបីជាមានរឿងអ្វីកើតឡើង ក៏ក្ដីស្រលាញ់ដែលបងមានចំពោះអូន មិនដែលថយចុះឡើយ គឺក្ដីស្រលាញ់មានតែកើនឡើង និងស្មោះត្រង់ចំពោះអូនជានិច្ច។ ជាតិនេះបងសុំត្រឹមធ្វើជាប្ដីល្អ ឪពុកល្អ និងមេគ្រួសារល្អសម្រាប់អូនតែម្នាក់គត់ សុខ សុចិន្តា»។
ជាមួយគ្នានេះ ក្រោយពីបានឃើញការបង្ហោះរបស់ លោក ខាន់ ជេមស៍ ដែលបានបង្ហាញពីជីវិតគ្រួសារដ៏កក់ក្ដៅ និងមានភាពស្មោះត្រង់ទៅវិញទៅមកហើយ អ្នកគាំទ្រជាច្រើន ក៏បានមកចូលរួមអបអរ ព្រមទាំងសរសើរពីទំនាក់ទំនងដ៏ល្អនៅក្នុងក្រុមគ្រួសាររបស់លោក ផងដែរ៕
មតិយោបល់