ព័ត៌មានជាតិ

រថយន្តដឹកផ្លែឈើមួយគ្រឿង តៃកុងងោកមួយភាំង ជ្រុលចង្កូតបុកបង្កាន់ដៃស្ពានអាកាស៧មករា រងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីរថយន្តដឹកផ្លែឈើ តៃកុងងោកមួយភាំង ជ្រុលចង្កូតបុកបង្កាន់ដៃស្ពានអាកាស៧មករា និងបង្គោលភ្លើងបំភ្លឺផ្លូវ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើករថយន្ត កូរ៉េ ដឹក ផ្លែឈើ មួយគ្រឿង ម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-8687 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ ដោយតៃកុងរថយន្តងងុយដេក រួចក៏បានងោកមួយភាំងធ្វើឲ្យរថយន្តរេចង្កូត ជ្រុលទៅបុក និងបង្កាន់ដៃស្ពានអាកាស ៧មករា ពេញទំហឹង បណ្តាលឲ្យបង្កាន់ដៃស្ពានអាកាសរងការខូចខាតអស់មួយផ្ទាំង រួមទាំងបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម ចំណែកឯរថយន្តបានរងការខូចខាតយ៉ាង ដំណំ អ្នកបើកបររួចគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្ត បង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់