ព័ត៌មានជាតិ

ពីរនាក់បងប្អូន ជិះម៉ូតូឌុបគ្នា ធ្វើដំណើរតាមផ្លូវ មិនប្រយ័ត្នបុកស្ត្រីវ័យចំណាស់ម្នាក់ បណ្ដាលឲ្យរងរបួស

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុនៅថ្ងៃ អង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង ១៦ និង១០នាទី នៅលើកំណាត់ផ្លូវលេខ ៣៨០ ស្ថិតក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

សភាពរឿង៖ មុនកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៩ ពាក់ផ្លាកលេខ កណ្តាល 1AF-9702 បើកបរដោយឈ្មោះវន្ត័ រ៉ាវីត ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ (មានមួកសុវត្តិភាពរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ ត្រូវជាប្អូនបង្កើតមានឈ្មោះ វន្ត័ វុធ ភេទប្រុស អាយុ១៤ឆ្នាំ (របួសស្រាល) បើកបរមានទិសដៅពី (ពីកើតទៅលិច)(ពីឃុំពាមឧកញ៉ាអុង ទៅឃុំអរិយក្សត្រ)។

លុះមកដល់ចំណុចកើតហេតុ ក៏បានបុកស្រ្តីវ័យចំណាស់ម្នាក់ ដែលកំពុងដើរឆ្លងផ្លូវឈ្មោះ ជា ប៉ុញ ភេទស្រី អាយុ ៧៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (របួសធ្ងន់) អ្នករងរបួសទាំងសងខាង ត្រូវបានបញ្ជូនទៅមន្ទីពេទ្យឯកជន នៅភូមិក្តីកណ្តាលរួចបន្ត បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។ នៅកន្លែងកើតហេតុ មានការប្រែប្រួល មុនពេលសមត្ថកិច្ចទៅដល់។ ការសន្និដ្ឋាន ករណីនេះ បណ្ដាលមកពីដើរឆ្លងផ្លូវ មិនបានមើលគ្រប់ជ្រុងជ្រោយ ចំណែកឯអ្នកបើកម៉ូតូ ខ្វះការប្រុងប្រយ័ត្ន មិនបានមើលឧបសគ្គនៅខាងមុខ។

វត្ថុតាងសមត្ថកិច្ច បានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវ ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធី៕

មតិយោបល់