ព័ត៌មានជាតិ

ករណីបុរសម្នាក់ទើបចេញពីកម្មពិធីឡើងផ្ទះបងបងប្អូន បើកម៉ូតូលឿន ជ្រុលបុករថយន្តដែលចតស្ងៀម បណ្ដាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៣៥នាទីយប់ រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើកម៉ូតូលឿន ជ្រុលបុករថយន្តដែលចតស្ងៀម បណ្ដាលឲ្យស្លាប់មួយរំពេច ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បុរសខាងលើមានឈ្មោះ ផុល សារឹម ភេទប្រុស អាយុ ២៩ឆ្នាំ ជាជាងសំណង់ មានទីកំណើត នៅខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅ ស្រុកកៀនស្វាយ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AM-2987 ទៅបុករថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ដែលគេចតមុខមន្ទីរពេទ្យ ។

ដំណើររឿង៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើទើបចេញពីកម្មពិធីឡើងផ្ទះបងបងប្អូន នៅខណ្ឌព្រែកព្នៅ បំណងទៅផ្ទះនៅឯកៀនស្វាយវិញ ដោយជិះម៉ូតូតែម្នាក់ឯង និងស្រវឹងផង លុះមកដល់ចំណុចកើតហេតុ ដោយសារល្បឿនលឿន ដល់ផ្លូវកោង ក៏ជ្រុលទៅបុករថយន្តដែលគេចតស្ងៀម រួចម៉ូតូផ្លោងរំលង ទៅបោកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ បណ្តាលឲ្យខូចខាត ចំហៀងខាងស្តាំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយកយានយន្តទាំងអស់ ទៅរក្សាទុករង់ចាំការដោះស្រាយគ្នា នៅពេលក្រោយចំណែកសព ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់