ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តលាយបេតុងធុនធំ សង្ស័យបើកលឿននៅចំណុចផ្លូវកោង បណ្តាលឲ្យក្រឡាប់រួចជ្រុលទៅបុកគូទរថយន្តស្តារិច ដែលនៅខាងមុខមួយគ្រឿង រងការខូចខាតចំហៀងផ្នែកខាងក្រោយ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ទីតាំងនៅចំណុចផ្លូវបេតុង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក ស្ដាររិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-6005 ធ្វើដំណើរតាមបណ្ដោយផ្លូវបែតងក្នុងទិសដៅពីកើតទៅលិច ស្របពេលនោះក៏មានរថយន្តធុនធំលាយបេតុងដែលពាក់ស្លាកលេខ ភ្នំពេញ 5A-1693 បើកបរស្របទិសមកពីក្រោយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័យ្នបានក្រឡាប់ផ្ងារជើង ជ្រុលទៅបុករថយន្តស្តារិច ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសគ្រាន់តែរងការខូចខាតតែសម្ភារ:។
ក្រោយពេលកើតឃើញមានសមត្ថកិច្ចជំនាញចរាចរណ៍ ចុះដល់ទីតាំងកើតហេតុធ្វើការវាស់វែង និងមានទាក់ទងទៅរថយន្តស្ទូចចំនួន ២គ្រឿង ដើម្បីស្ទូចរថយន្តលាយបេតុងដើម្បីយកទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់