កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នគរបាលជំនាញក្រុងតាខ្មៅ បានចុះធ្វើការពិនិត្យសាកសពបុរសម្នាក់ ក្រោយពីទទួលបានព័ត៌មានថា បុរសរងគ្រោះខាងលើធ្លាក់ពីលើអគារ បណ្ដាលឲ្យស្លាប់ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ជា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិកំពង់យ៉ន ឃុំកំពង់ពោធិ ស្រុកបូរីជលសារ ខេត្តតាកែវ ។
ប្រភពដដែលបន្ដថា កន្លងមកជនរងគ្រោះ មកធ្វើការងារជាជាងសំណង់នៅក្នុងការដ្ឋាននេះ ជាយូរមកហើយ រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រោយពីសម្រាកពីការងារ មកដល់វេលាម៉ោង២១និង៣០នាទី ជនរងគ្រោះក៏បានផឹកស្រាថ្នាំ ជាមួយកម្មករម្នាក់ នៅក្នុងការដ្ឋានសំណង់អស់ចំនួនកន្លះលីត្រ រួចក៏ចូលសម្រាករៀងៗខ្លួនទៅ ។
លុះមកដល់ថ្ងៃទី២០ ខែឆ្នាំដដែល វេលាម៉ោង៦ព្រឹក មានកម្មករដែលធ្វើការជាមួយគ្នា បានស្រែកហៅរកជនរងគ្រោះផឹកកាហ្វេដូចសព្វមួយដង ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅចន្លោះជណ្តើរ នៅក្នុងការដ្ឋាន ក៏ផ្អើលឆោឡោ ទាំងព្រឹកប្រាប់មេការ និងរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការពិនិត្យ។
បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្ដ ទៅនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះមកពិនិត្យ ធ្វើកោសល្យវិច័យ ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ ពីលើអគារពិតប្រាកដមែន ។ បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់