ព័ត៌មានជាតិ

នារីម្នាក់ខឹងប្ដីទៅជួយធ្វើស្រែបងប្អូន មិននៅមើលខ្លួនពេលឈឺ ក៏ផឹកថ្នាំបាញ់ស្រូវសម្លាប់សត្វល្អិត បណ្ដាលឲ្យស្លាប់ នៅស្រុកបាកាន

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព ស២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង​១៥និង១០នាទី មានករណីធ្វើអត្តឃាតដោយផឹកថ្នាំបាញ់ស្រូវសម្លាប់សត្វល្អិតបណ្ដាលឲ្យនារីម្នាក់ស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ​ ខាត់​ សល់​ ស្ថិតនៅភូមិព្រៃស្វាយ​ ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់។

លោកវរៈសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា នៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២២​ វេលាម៉ោង ​០៧និង០០នាទី​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារបានទទួលព័ត៌មានពីលោកមេភូមិព្រៃស្វាយ ឃុំបឹងខ្នារ ថាមានករណីធ្វើអត្តឃាតដោយផឹកថ្នាំបាញ់ស្រូវសម្លាប់សត្វល្អិត ជនរងគ្រោះឈ្មោះ​ សឿន​ សល់​ ភេទស្រី​ អាយុ​ ២៣ឆ្នាំ​ មានទីលំនៅភូមិអូរព្រាល​ ឃុំមេទឹក​ ស្រុកបាកានបានទៅស្នាក់នៅបណ្តោះអាសន្ន​ផ្ទះរបស់ឈ្មោះ​ ខាត់​ សល់​ ភេទស្រី​ អាយុ​ ៥៤ឆ្នាំ ស្ថិតនៅ​ភូមិព្រៃស្វាយ​ ឃុំបឹងខ្នារ ស្រុកបាកាន(ដែលត្រូវជាអ៊ុំ)។
ជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន មូលហេតុ៖ ខឹងប្តីទៅជួយធ្វើស្រែបងប្អូនមិនមកជួយមើលខ្លួនពេលឈឺ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិអូរព្រាល​ ឃុំមេទឹក ស្រុកបាកាន៕

មតិយោបល់