បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់ថា ជនសង្ស័យជាឪពុកមា ដែលត្រូវចាប់ខ្លួនឈ្មោះ ឡឹក គឹមសាន ភេទប្រុស អាយុ ៣០ ឆ្នាំ នៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានផឹកស្រាស្រវឹងប៉ងចាប់ក្មួយស្រីរបស់ខ្លួនឈ្មោះ នាង ទចរ អាយុ១៣ឆ្នាំ នៅផ្ទះជាមួយគ្នា ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវបាននគរបាលមូលដ្ឋានចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មាននោះមក ដែលហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង១០យប់ នៅចំណុចភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យនិងប្រពន្ធ ម្តាយនិងឪពុក្មេងស្រីរងគ្រោះឲ្យមកស្នាក់នៅនឹងផ្ទះ ដើម្បីជួយមើលការខុសត្រូវក្មួយស្រី ព្រោះគាត់រវល់ទៅធ្វើការនៅប្រទេសថៃ ។ នៅយប់កើតហេតុ ជនសង្ស័យមកពីស៊ីឈ្នួលបាញ់ដំឡូងមី ក៏ជួបជុំមិត្តភក្តិនាំគ្នាផឹកស្រាស អស់ចំនួន១០លីត្រ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ។ ជនសង្ស័យពេលមកដល់ផ្ទះមិនបានទៅដេកជាមួយប្រពន្ធនៅក្រោមផ្ទះទេ បែរជាឡើងទៅលើផ្ទះ ធ្វើសកម្មភាពចូលក្នុងមុងអោបថើប និងសម្រាតខោក្មេងស្រីរងគ្រោះប៉ុនប៉ងរំលោភ តែត្រូវបានជនរងគ្រោះ រើបំរាស់ រត់គេចខ្លួនផុត ហើយនិយាយប្រាប់ជីដូន បន្ទាប់មកជីដូនក្មេងស្រីរងគ្រោះ បានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី ចាប់ខ្លួនមកសាកសួរ ។
ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តទង្វើមិនគប្បីទៅលើក្មួយស្រីរបស់ខ្លួន ដូចការចោទប្រកាន់របស់ម្តាយក្មេក (ជីដូនក្មេងស្រីរងគ្រោះ) បានប្តឹងនោះមែន ព្រោះនៅយប់នោះគេស្រវឹងស្រាសខ្លាំង ។ ជនសង្ស័យនគរបាលជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះផងដែរ ៕
មតិយោបល់