ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបករណីល្បែងស៊ីសងឃាត់ខ្លួនមនុស្ស១៤នាក់

កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានការជួបជុំលេងល្បែងស៊ីសងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋានដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់និងអាប៉ោង)នៅចំណុចក្រោមដើមពង្រស្ថិតនៅភូមិសណ្តែកឃុំសំពងជ័យស្រុកជើងព្រៃខេត្តកំពង់ចាម។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានបង្ក្រាបចាប់ឃាត់ខ្លួនមនុស្សចំនួន១៤នាក់រួមនឹងវត្ថុតាងបម្រើឲ្យការលេងល្បែងមួយចំនួនរួមនឹងម៉ូតូចំនួន១៣គ្រឿង។

ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីអនុវត្តតាមនីតិវិធីតាមបញ្ជារបស់លោកសុធាពិសិដ្ឋព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

 

មតិយោបល់