បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានបាត់បង់ជីវិតក្រោយពីជួបឧបទ្ទវហេតុគ្រោះថ្នា់ចរាចរណ៍ រវាងម៉ូតូប៉ះទង្គិចជាមួយរថយន្ត ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចមុខភោជនីយបឹងឈូកស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យស់ ហុកឡាយ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បើបរម៉ូតូ ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប-1AC-9927 បើកបរក្នុងល្បឿនលឿន អត់ពាក់មួកសុវត្ថិភាព ទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ វាជែងរថយន្តផ្សេងទៀត ដែលធ្វើដំណើរស្របទិសគ្នា ហើយជ្រុលទៅបុកប៉ះជាមួយរថយន្តម៉ាកហាយឡិនដឺ ពណ៌បៃតង ពាក់ស្លាកលេខ សៀមរាប 2B-1656 ក្នុងទិសដៅផ្ទុយគ្នាពីកើតមកលិច បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ចំណែកអ្នកបើករថយន្ត ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានបើករថយន្តយកទៅលាក់ទុកនៅចំណុចជើងភ្នំស្វាយ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយរត់គេចខ្លួនបាត់ តែត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្រាវជ្រាវឃើញរថយន្តឃាត់នាំយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីស្រាវជ្រាវរកម្ចាស់មកដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់