ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរ៉ឺម៉កដឹកបន្លែបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូនិងរ៉ឺម៉កម៉ូតូដឹកបន្លែបុកគ្នាពេញទំហឹងក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្សរងរបួស ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្យ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉កម៉ូតូមួយគ្រឿងដឹកបន្លែ និងម៉ូតូមួយគ្រឿង ទៀត ពាក់ស្លាកលេខភ្នំពេញ 1DD-3717 មិនដឹងមានគោលដៅចេញមកពីណាទៅណានោះទេ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះមុនីវង្ស ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុនៅម្តុំស្តុបបូកគោ ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងរ៉ឺម៉កក្រឡាប់ ផ្ងារជើង ក្នុងហេតុការណ៍នេះ ភាគីខាងម៉ូតូបានរងរបួសធ្ងន់ម្នាក់ ត្រូវដឹកយកទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យនិងវាស់វែងយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់ នាពេលក្រោយបន្តទៀត ៕

មតិយោបល់