កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៤កើតខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៩ និង១០នាទី នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ០១-០២ ត្រង់ចំណុចភូមិថ្មី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូ បណ្តាលអោយបុរសពីរនាក់ស្លាប់ ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ មានម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខកំពត 1E-6733 អ្នកបើកបរឈ្មោះ ភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង (ឈ្មោះ ភ័ក្ត្រនេះ ស្គាល់តាមការបញ្ជាក់ពីមិត្តភក្តិរបស់ឈ្មោះភ័ក្ត្រ) បើកបរពីទិសខាងជើងទៅទិសខាងត្បូង ។ លុះមកដល់ត្រង់ចំណុចខាងលើ បានទៅបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខកំពង់ស្ពឺ1S-6903 បើកបរឈ្មោះ ណែម ភារ៉ូត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម ៖
-ស្លាប់ ០២នាក់ (ឈ្មោះភ័ក្ត្រ ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ ណែម ភារ៉ូត ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យអ៊ុំ សារ៉ន) ។
-ខូចខាតម៉ូតូ០២គ្រឿងធ្ងន់។
សាកសពឈ្មោះ ណែម ភារ៉ូត បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯសពឈ្មោះ ភ័ក្ត្រ បានយកទៅរក្សាទុកនៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយកំពុងតែបន្ដស្រាវជ្រាវរកសាច់ញាតិ ។ ចំពោះវត្ថុតាងម៉ូតូ០២គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់