ភ្នំពេញៈ នៅវេលាម៉ោង០៦និង២១នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទដឹកដី មួយគ្រឿងម៉ាក HYUNDRI ពាក់ស្លាកលេខភ្នំពេញ 3F-0020 បើកបរលឿនបុកនិងកិនស្រ្តីម្នាក់បណ្តាលឲ្យស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ តាមសេចក្តីរាយការណ៍ពីក្រុមការងារ នៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំដែលបាន ចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងជួបធ្វើបទសម្ភាសន៍ជាមួយម្តាយជនរងគ្រោះ គាត់បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះរបស់ខ្លួន ធ្វើដំណើរទៅលេងផ្ទះបងប្អូន ។ លុះពេលត្រឡប់មកផ្ទះវិញ ជនរងគ្រោះ ដើរឆ្លងផ្លូវបានពាក់កណ្តាល ស្រាប់តែមានរថយន្តប្រភេទដឹកដីមួយគ្រឿង បើកបរធ្វើដំណើរមកយ៉ាងលឿន ពេលនោះជនរងគ្រោះក៏ បានលើកដៃទាំងពីរ ធ្វើសញ្ញាឲ្យរថយន្តបន្ថយល្បឿន ដើម្បីជនរងគ្រោះដើរឆ្លងផ្លូវ ។ ប៉ុន្តែរថយន្តបង្កហេតុ មិនបានបន្ថយល្បឿននោះ ឡើយ មកបុកនិងកិនស្រ្តីរងគ្រោះពេញទំហឹងនៅក្បែរភ្លើងស្តុប បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ តែម្តង ។
ម្តាយនារីរងគ្រោះបាននិយាយរៀបរាប់ប្រាប់បន្តឲ្យដឹងទៀតថា ជនរងគ្រោះជាស្រ្តីគថ្លង់មានឈ្មោះ វ៉ត វ៉ន អាយុ៣៥ឆ្នាំ សព្វថ្ងៃរស់នៅ ជាមួយម្តាយដែលមានវ័យចំណាស់ គាត់មានអាយុ៧៣ឆ្នាំ ។ អ៊ំស្រីរូបនេះ គាត់មានជីវភាពលំបាកខ្វះខាតប្រាក់ ក្នុងការធ្វើពិធីបុណ្យ សពកូនស្រីរបស់គាត់ ។ ក្រុមការងារយើងខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយនឹងក្រុមគ្រួសារសព ៕
មតិយោបល់