ភ្នំពេញៈ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តហ្វត មួយគ្រឿង កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យរងការរបួសធ្ងន់ និងរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកហ្វត ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2BM-2798 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តបត់ឆ្វេងឆ្លងបានពាក់កណ្ដាល ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 1L-3071 បើកបរដោយបុរសម្នាក់ បញ្រ្ចាសទិសជាមួយនឹងរថយន្តក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យរងការខូចខាត ។ ចំណែកអ្នកបើកបររងរបួសបែកចង្ការ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់