ព័ត៌មានជាតិ

រថយន្តហ្វដមួយគ្រឿង បើកបររអិលប្រេងកំពប់លើផ្លូវ ជ្រុលបុកខឿនសួនច្បារ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តហ្វដមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BQ-2748 បើកបររអិលប្រេងដែលកំពប់លើផ្លូវ បណ្ដាលឲ្យជ្រុលកៀរ ខឿនសួនច្បាររងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ករណីខាងលើនេះ យោងតាមសេចក្តីរាយការណ៍ពីក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំដែលបានចុះទៅដល់ ទីតាំងកន្លែងកើតហេតុ បានឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៦A ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបើកបត់បណ្តាល្យកំពប់ប្រេងនៅលើដងផ្លូវ ហើយរថយន្តក៏បើកបរបន្ត ដំណើរទៅមុខបាត់ស្រមោលតែម្តង ។ បន្ទាប់មកក៏មានរថយន្តហ្វដមួយគ្រឿងទៀត បើកបរធ្វើដំណើរមកដល់ត្រង់ចំណុចនេះ ក៏ស្រាប់ តែរអិលនឹងប្រេងដែលស្រក់ធ្លាក់នៅលើផ្លូវថ្នល់បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាត ។

បន្ទាប់ពីកើតហេតុ រថយន្តនេះត្រូវបានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ចុះមកធ្វើការវាស់វែងស្ទូចយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយបន្តទៀត ទៅតាមនីតិវិធីផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គឺខូចខាតតែរថយន្តប៉ុណ្ណោះ ៕

មតិយោបល់