ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យបីនាក់ ត្រូវបានកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួនពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរស័ព្ទ) នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង៣០នាទី។

ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យបានធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧និង០០នាទី នៅចំណុចតាមផ្លូវបេតុង ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់លោកអធិការនគរបាលខណ្ឌកំបូលបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សុខ សុខា ហៅឆេះ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិតាកេរិ៍្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន)(មានសារធាតុញៀន), ទី២-ឈ្មោះ មឿន សុពិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាតខ្លួន)(មានសារធាតុញៀន), និងទី៣-ឈ្មោះ ប៉ោ លីហ៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាតខ្លួន)(គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ ប្រហែល២១ឆ្នាំ។

បច្ចុប្បន្នសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់