ភ្នំពេញៈ យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ហេតុការណ៍អំពើឃាតកម្ម លើស្ដ្រីជនជាតិចិននេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
ជនដៃដល់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ឈ្មោះ សាវ វិន (XIAO WEN) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកដេរ កាន់លិខិតឆ្លងដែនលេខ EO1271955 ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស ។ ចំណែកជនរងគ្រោះឈ្មោះ ឌៀង លី (DING LI) ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF5967276 មុខរបរប្រធានរោងចក្រ ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបញ្ជូនខ្លួនជនសង្ស័យ មកធ្វើការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕
មតិយោបល់