ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីឆក់

បាត់ដំបង: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌលោកវរសេនីយ៍ទោ ភួង ចន្ទតារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២និង៥៧នាទី នៅចំណុចក្រុមទី១៨ ភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ៤នាក់មកកាន់ស្នងការដ្ឋាន។

១/ឈ្មោះ ដួង ឃីម ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
២/ឈ្មោះ រស់ បញ្ញា ហៅខ្លឹង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣/ឈ្មោះ ឃឿន សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៤/ឈ្មោះ ណាន ណេត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខសាលាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វេលាម៉ោងប្រហែល ១១និង២០នាទី ជនសង្ស័យទាំង ៤នាក់ខាងលើ បានធ្វើសកម្មភាពជិះម៉ូតូចំនួន ២គ្រឿង ទៅឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ សុន សុភី ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណ:ពេលដែលជនរងគ្រោះកំពុងជិះកង់ចុចទូរស័ព្ទ។

វត្ថុតាងដកហូតរួមមាន៖
-ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPOA5s ពណ៌ក្រហម (ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់