ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ប្រើល្បិចខ្ចីកង់ និងទូរស័ព្ទស្រ្តីអ្នកថែសួន ក្នុងបុរីហ្គ្រេនភ្នំពេញយកទៅលក់ ត្រូវសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញៈ នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត (ខ្ចីកង់ និងទូរសព្ទដៃយកទៅលក់) នៅចំណុចក្នុងបុរីហ្គ្រេនភ្នំពេញ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ សន សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សារដែក ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ផុន សុភា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករថែសួន ក្នុងបុរីហ្គ្រេនភ្នំពេញ ស្នាក់នៅផ្ទះជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់មាន៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន និងកង់០១គ្រឿង ពណ៌ទឹកប្រាក់ (របស់ជនរងគ្រោះ) ។

តាមដំណើររឿង បានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០ និង០០នាទី ជនរងគ្រោះ បានជិះកង់ចេញពីផ្ទះ ទៅធ្វើការនៅចំណុចកើតហេតុ ស្រាប់ជនសង្ស័យខាងលើ ដែលជាមនុស្សស្គាល់គ្នា ជាមួយជនរងគ្រោះ បានដើរមកខ្ចីកង់ និងទូរសព្ទ័ដៃពីជនរងគ្រោះ ដោយប្រាប់ថា ទៅបើកលុយ។

បន្ទាប់មកជនរងគ្រោះ បានប្រគល់ទាំងកង់ និងទូរសព្ទ័ដៃទៅឲ្យជនសង្ស័យ នៅពេលនោះជនសង្ស័យក៏ បានជិះយកទៅលក់ឲ្យបុរសម្នាក់ មិនស្គាល់ភិនភាគ នៅម្តុំផ្សារឯករាជ្យ២ សង្កាត់ចោមចៅ៣ បានលុយ៣០ដុល្លារ ដោយយកទៅចាយអស់ រហូតមកដល់ម៉ោង៧ និង៣០នាទីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះ បានឃើញជនសង្ស័យ កំពុងដើរតាមផ្លូវបេតុង ក្នុងបុរីហ្គ្រេនភ្នំពេញ ក៏បានធ្វើការនាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់