ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មលើដងផ្លូវជាតិលេខ២

តាកែវ: នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២ និង ៣០ នាទី មានករណីអំពើលួច(ឆក់លុយ) កើតឡើងនៅត្រង់ចំណុចភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យ ចំនួន ០២ នាក់ ប្រើប្រាស់មធ្យោបាយ ម៉ូតូចំនួន ០១គ្រឿង ធុន C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ឡើងតែម ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1CE-7079 បានធ្វើសកម្មភាពឆក់លុយ របស់ជនរងគ្រោះឈ្មោះ ភួង ម៉ើ ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មុខរបរ កសិករ ក្នុងខណ:ពេលដែលជនរងគ្រោះ ដាក់លុយក្នុងថង់ខ្មៅព្យួរដៃម៉ូតូ របស់ខ្លួន ធុន គុបម៉ូល ក៏ជនសង្ស័យ ជិះម៉ូតូមកទន្ទឹម ធ្វើសកម្មភាពឆក់លុយ ជនរងគ្រោះ យកទៅបាត់ រួចជិះម៉ូតូគេចខ្លួនទៅទិសខាងលិចបាត់ ។

ក្រោយទទួលបានពត៌មាន កម្លាំងយើងបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ១/. ឈ្មោះ ឡាច វិច្ឆិកា ហៅ ឆេះ ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ២/. ឈ្មោះ ស្រេង វណ្ណ: ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ រហូតដល់វេលាម៉ោង ១៩ និង ២០ នាទី ទើបកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងលាវ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ យើងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានទាំង ២ នាក់ នៅត្រង់ចំណុចផ្ទះសំណាក់ ហេបភី(Happy) ស្ថិតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងវត្ថុតាងម៉ូតូដែលមានភិនភាគខាងលើ ប្រាក់ដុល្លារចំនួន ៧៥០ដុល្លារ (ប្រាំពីរយហាសិបដុល្លារ) និងថ្នាំញៀន ១ កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ដោយមានបញ្ជាពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញយើងបានប្រគល់ប្រាក់ចំនួន ៧៥០ដុល្លារ (ប្រាំពីរយហាសិបដុល្លារ) ទៅជនរងគ្រោះដើម្បីប្រើប្រាស់វិញ ហើយបានកសាងសំណុំរឿងបញ្ជូនបន្ត តាមនីតិវិធី៕

 

មតិយោបល់