ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលអូរតាប៉ោង បង្រ្កាបក្មេងទំនើងជិះម៉ូតូបង្ហោះបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

ពោធិ៍សាត់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់សាធារណ: ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង នៃអធិការដ្ឋាននគរបាលស្រុកបាកានចំនួន០៣នាក់ បានចុះបង្ក្រាបក្មេងទំនើង ចំនួន០៤នាក់ ដែលកំពុងជិះម៉ូតូបង្ហោះលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ដែលបង្កការភ្ញាក់ផ្អើលនិងការភ័យខ្លាចដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅតាមដងផ្លូវ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទី ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ក្នុងការបង្រ្កាបនេះ កម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់រួមមាន ៖ ១.ឈ្មោះ សុខ វីរ: ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ចិន្តាយ ឃុំមេទឹក សិស្សវិទ្យាល័យព្រះម្លូរ។ ២.ឈ្មោះហេង ធិក ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក ជាសិស្សវិទ្យាល័យព្រះម្លូរ។ ៣.ឈ្មោះ គា ណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិប៉ោឡោ ឃុំមេទឹក ជាងកាត់សក់។ ៤.ឈ្មោះ ថន ខាវ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិ ម៉ ឃុំមេទឹក មុខរបរ កម្មករសំណង់។

បន្ទាប់ពីបង្ក្រាបបានក្មេងទំនើង កម្លាំងនគរបាលបានដាក់ទណ្ឌកម្មដើម្បីឲ្យរាងចាលទៅថ្ងៃក្រោយ និងបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ក្មេងទំនើងទាំង០៤នាក់ ឲ្យឈប់បង្ហោះម៉ូតូលើផ្លូវសាធារណ:បន្តទៀត និងឲ្យអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ៕

 

មតិយោបល់