ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីធ្វើសកម្មភាពធាក់ផ្តួលជនរងគ្រោះឲ្យដួល រួចយកខ្សែក្រវ៉ាត់ដេញវាយប្លន់យកម៉ូតូ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី នៅចំណុចមុខផ្លូវចូលបូកគោ ក្រុងបូកគោ ខេត្តកំពត ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួច មានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា យកជើងធាក់ផ្តួលម៉ូតូឲ្យដួល រួចយកខ្សែក្រវ៉ាត់ដេញវាយជនរងគ្រោះ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៦១០៦៨៥៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JA-២២៤០ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៤និង០០នាទី ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ រស់ សារ៉ាត់ ហៅ សាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង និងម៉ាស៊ីនត្រជាក់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,ទី២-ឈ្មោះ ជាង ចាន់ដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ សុខ ផល្លា ហៅ សែល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទី៤-ឈ្មោះ ពៅ ម៉េងលាង ហៅ ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៥-ឈ្មោះ ជា ពុធសុធា ហៅ វាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចដកហូតវត្ថុតាង៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦១០៦៨៥៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JA-២២៤០ ចំនួន០១គ្រឿង ។

ជនរងគ្រោះឈ្មោះ នឹម នី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរជាងសំណង់ ។ សម្ភារ:បាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦១០៦៨៥៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JA-២២៤០ ចំនួន ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់