ព័ត៌មានជាតិ

យុវជនបែកថ្នាំម្នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: យុវជនម្នាក់ ត្រូវបានគេដឹងថាបែកថ្នាំ ដើរពេញផ្លូវ ម្តុំផ្លូវ៦០ម៉ែត្រ ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បុកបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនដែលស្លាប់ខាងលើនេះ គឺជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយគេឧស្សាហ៍ឃើញយុវជនខាងលើបែកថ្នាំ ដើររាំពេញផ្លូវ និងជេរប៉ូលិសរាល់ថ្ងៃ នៅម្តុំផ្លូវលេខ៦០ម៉ែត្រ បូករួមទាំងផ្លូវមានសភាពងងឹតផង អកុសលក៏ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកពេញទំហឹង បណ្តាលឲ្យបោកក្បាលទៅនឹងថ្នល់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែលរថយន្តបង្កហេតុ បានបើករត់គេចបាត់ស្រមោល។

បច្ចុប្បន្នសពយុវជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្ត ដើម្បីរង់ចាំការក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យ តែបើមិនមានគ្រួសារមកទេ ខាងវត្តគេនឹងរៀបចំធ្វើបុណ្យឲ្យ៕

មតិយោបល់