ព័ត៌មានជាតិ

រថយន្តដឹកមេរុ(មេន)បូជាសព បុកម៉ូតូអូសប្រហែល២០ម៉ែត្រ បណ្តាលឲ្យមនុស្សរបួសធ្ងន់២នាក់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នៅវេលាម៉ោង ០៥និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកមេរុបូជាសពបុកម៉ូតូមួយគ្រឿងអូសប្រហែល២០ម៉ែត្រ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងម្តុំស្តុបផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកមេរុ (មេន) បូជាសព មួយគ្រឿង បើកបរធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុម្តុំស្តុបផ្សារដីហុយ រថយន្តបានបើកឆ្លងភ្លើង ស្តុបសញ្ញាចរាចរណ៍ពណ៌ខៀវ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ បើកបរបំពានភ្លើងស្តុបពណ៌ក្រហម បណ្តាលឲ្យ រថយន្តបុកពេញទំហឹងអូសម៉ូតូប្រហែល២០ម៉ែត្រ រងរបួសុមនុស្ស២នាក់ធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់