ព័ត៌មានជាតិ

ស្រវឹងស្រាជិះម៉ូតូបម្រុងបុកគ្នា ទាស់ពាក្យសម្ដីជិះម៉ូតូទៅផ្ទះ យកកាំបិតខ្វែវមកកាប់ជនរងគ្រោះ​ ត្រូវ​ស្លឹកត្រចៀក​​រយះ​ចេញ​ឈាម​

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ឃាត់ខ្លួន​ ករណី​ហិង្សា​ដោយ​ចេតនា​ បន្ទាប់​ពី​ជន​នេះ​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​គូទំនាស់​របស់​ខ្លួន​ បណ្ដាល​ឲ្យ​រង​របួស​ស្លឹកត្រចៀក​យ៉ាងដំណំ​ កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៥​និង​០០​នាទី​ ចំណុច​ភូមិ​ពុក​ឫស្សី​ក​ណ្ថា​ល​ ឃុំ​ពុក​ឫស្សី​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ តាំង​ អៀង​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​ពពុះសណ្ដែក​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​ មាន​របួស​ស្នាម​ របួស​រយះ​ស្លឹកត្រចៀក​ ០១​កន្លែង​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ញឹ​ម​ ពន្លក​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​ ។​

​វត្ថុ​តាង​ចាប់​យក​មាន​៖​ កាំបិតប៉័ងតោ​ ចំនួន​០១،​កាំបិត​ខ្មែរ​ ចំនួន​០១​ ។​

​ប្រភព​ដដែល​បន្ត​ថា​ កន្លង​មក​ជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ នៅ​ឆ្នាំ​២០១៩​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ខេត្តកណ្ដាល​ រយ:ពេល​ ០៦​ខែ​ ពី​បទ​ហិង្សា​ដោយ​ចេតនា​ ។​ លុះ​នៅ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​០០​នាទី​ ជនសង្ស័យ​និង​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា​ដូច​គ្នា​ ហើយ​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​គ្នា​ ពេល​ជិះ​ជួប​គ្នា​អ្នក​ទាំង​ពីរ​បម្រុង​ជិះ​បុក​គ្នា​ ហើយ​ក៏​មាន​ទំនាស់​ពាក្យ​សំដី​ ព្រមទាំង​ប្រតាយប្រតប់​គ្នា​ថែម​ទៀត​ផង​ ។​

បន្ទាប់​មក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​យក​កាំបិត​ខ្វែវ​ពី​ផ្ទះ​ខ្លួន​ ដើរទៅ​សំដៅ​រក​ជន​រង​គ្រោះ​ ពេល​នោះ​ជន​រង​គ្រោះ​ក៏​ទាញ​កាំបិតប៉័ងតោ​ គប់​សំដៅ​ទៅ​ជនសង្ស័យ​តែ​មិន​ត្រូវ​ ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​កាប់​ជន​រង​គ្រោះ​មួយ​កាំបិត​ត្រូវ​ស្លឹកត្រចៀក​ខាងស្ដាំ​ បណ្ដាល​រយះ​ចេញ​ឈាម​ ។​

​បន្ទាប់​ពី​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ពុក​ឫស្សី​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​បញ្ជូន​មក​អធិការ​រ​ដ្ឋា​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់