ព័ត៌មានជាតិ

រថយន្ត RANGE ROVER បត់ស្តាំត្រូវម៉ូតូបុក បណ្តាលឲ្យបុរសម្នាក់ រងរបួសបាក់ជើង

ភ្នំពេញ: នាវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ៥៩២កែងនិងផ្លូវ៣៣៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2V-6626 បើកបរដោយបុរសម្នាក់។
ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-1086 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តម៉ាកខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ពីកើតទៅលិចលុះដល់ចំណុចកើតហេតុ រថយន្តនោះក៏បានបើកបត់ស្ដាំទៅផ្លូវ៣៣៥ ខណ:ពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកខាងលើ បើកបរដោយបុរសម្នាក់ ស្របទិសដៅនឹងទន្ទឹមខាងស្តាំរថយន្តនិងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តចំកង់ខាងមុខចំហៀងខាងស្ដាំពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ជើង និងម៉ូតូរងការខូចខាត។

ករណីនេះភ្លាមៗ រថយន្តមិនបានឈប់ដោះស្រាយនោះទេ បន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុទាំងបាក់ក្រឡេខាងមុខចំហៀងខាងស្ដាំ បានចម្ងាយប្រមាណ ៥០ម៉ែត្រពីកន្លែងកើតហេតុ ទើបរថយន្តទៅមុខលែងរួច ហើយក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុម:ភ្លាមៗ ចំណែកឯរថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់