ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១៣-២១៤ ស្ថិតនៅភូមិ ដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន។ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៣និង០៥នាទី។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតាកូរ៉ូឡាពណ៍ស្ករពាក់ផ្លាកលេខ ភ្នំពេញ 2J.0997 បានបើកបរពីលិច ទៅកើតដោយជនមិនស្គាល់អត្តសញ្ញាណ ។ លុះដល់ចំណុចខាងលើបានបុកពីក្រោយ ចំហៀងផ្នែកខាងឆ្វេងម៉ូតូធុនC125ពណ៍ខ្មៅសេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1G.6691 ដែលបើកពីលិចទៅកើតដោយឈ្មោះ ឃឿន សុខា ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារបណ្តាលឲ្យរងរបួសធ្ងន់ ដែលត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យបង្អែកស្រុកបាកាន។ រីឯអ្នករួមដំណើរជិះពីក្រោយឈ្មោះ ឃឿន សុឃីម ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នាពុំមានរបួសទេ។ ចំពោះអ្នកបើកបររថយន្តបង្កបានរត់ គេចខ្លួនបាត់ ទុករថយន្តចោលនៅកន្លែងកើតហេតុ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នារបានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យ ដល់កន្លែងកើតហេតុ ក៏បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកត្តា អ្នកបើកបររថយន្តមានការធ្វេសប្រហែស។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់